រដ្ឋមន្ត្រីកសិកម្ម ណែនាំក្រុមហ៊ុនមានគម្រោងដាំស្មៅ “Sorghum” ត្រូវសិក្សាជាមួយកសិករឲ្យពួកគាត់ចាប់អារម្មណ៍ដាំ

Home » រដ្ឋមន្ត្រីកសិកម្ម ណែនាំក្រុមហ៊ុនមានគម្រោងដាំស្មៅ “Sorghum” ត្រូវសិក្សាជាមួយកសិករឲ្យពួកគាត់ចាប់អារម្មណ៍ដាំ
រដ្ឋមន្ត្រីកសិកម្ម ណែនាំក្រុមហ៊ុនមានគម្រោងដាំស្មៅ “Sorghum” ត្រូវសិក្សាជាមួយកសិករឲ្យពួកគាត់ចាប់អារម្មណ៍ដាំ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់ក្រុមហ៊ុនអូស្ត្រាលីមួយ ដែលមានគម្រោងបង្កើតកសិដ្ឋានដាំស្មៅ “Sorghum” ត្រូវសិក្សាជាមួយកសិករ ធ្វើយ៉ាងណាឲ្យពួកគាត់មានចំណាប់អារម្មណ៍ដាំស្មៅនេះ ហើយត្រូវមានកិច្ចសន្យាទិញពីពួកគាត់វិញ។

តាមដានជាមួយយើង៖ Million Times

ការណែនាំនេះ គ្រាដែលលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចូលរួមស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន Enserv Holding Company Limited ស្តីពី គម្រោងបង្កើតកសិដ្ឋានដាំស្មៅ “Sorghum” និងគម្រោងសាងសង់រោងចក្រ ផលិតថាមពលជីវឧស្ម័នពីកាកសំណល់ស្មៅ “Sorghum” កាលពីរសៀលថ្ងៃទី ២៨ ខែឧសភានេះ។

បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ លោករដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងបើកទូលាយ ការវិនិយោគលើវិស័យកសិកម្ម តែចាំបាច់ត្រូវធ្វើការសិក្សាឲ្យបានច្បាស់លាស់ ទាំងលក្ខណៈបច្ចេកទេស ច្បាប់ និងទីផ្សារឲ្យបានល្អ ដើម្បីឲ្យការវិនិយោគទទួលបានជោគជ័យ។

លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុន ត្រូវពិនិត្យឲ្យបានល្អិតល្អន់ពីស្ថានភាព និងសិក្សាជាមួយកសិករ ធ្វើយ៉ាងណាឲ្យពួកគាត់ មានចំណាប់អារម្មណ៍ចូលរួមក្នុងការដាំស្មៅនេះ ហើយជាពិសេសត្រូវមានកិច្ចសន្យាទិញពីពួកគាត់វិញ ដើម្បីបង្កើនទំនុកចិត្ត និងទទួលបានផលចំណេញទាំងអស់គ្នា។ លោក ក៏បានណែនាំឲ្យការវិនិយោគនេះ គួរពិនិត្យលទ្ធភាពទាំងនៅកម្រិត Upstream និង Downstream ហើយត្រូវធ្វើឲ្យចេញជារូបរាង ឲ្យមានប្រសិទ្ធភាព ជួយដល់កសិករពិតប្រាកដ។

កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤កន្លងទៅនេះ ប្រធានក្រុមហ៊ុន Enserv Holding Australia ក៏បានត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។   

នៅក្នុងជំនួបនេះលោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia បានបង្ហាញបំណងក្នុងការស្វែងរកឱកាស វិនិយោគលើដំណាំស្មៅ “Sorghum” នៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេច សម្រាប់នាំចេញទៅក្រៅប្រទេស។ លោកថា ដំណាំ “Sorghum” អាចកែច្នៃទៅជាអង្ករមានកាឡូរីទាប តែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគ ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម តាមរយៈការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងកសិកម្ម