លោក ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ចិន ជំរុញការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

លោក ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ចិន ជំរុញការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លួវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” កាលពីថ្ងៃទី ២៧ ខែឧសភា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ដឹកនាំដោយ លោកស្រី Zhang Jianhua អគ្គនាយករងនាយកដ្ឋានទុនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ស្ដីពី គម្រោងព្រែកជីកហ្វូណនតេជោ។

តាមដានជាមួយយើង៖ Million Times

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្ដល់ព័ត៌មានលម្អិតនានាអំពីគម្រោងព្រែកជីកហ្វូណន​តេជោ ជូនទៅគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ដើម្បីពិនិត្យត្រៀមរៀបចំអនុវត្តនីតិវិធីបន្ទាប់សំដៅយ៉ាងណាជំរុញដល់ការបើកការដ្ឋាននៃគម្រោងនេះ ឲ្យបានឆាប់រហ័ស។

នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ជូនលោកស្រី Zhang Jianhua និងអង្គប្រជុំកាន់តែលម្អិតបន្ថែមទៀត អំពីគម្រោងព្រែកជីកហ្វូណនតេជោ រួមមាន៖ ភូមិសាស្រ្តនៃតម្រាយខ្សែផ្លូវទឹកធម្មជាតិរបស់គម្រោង ដែលជាតម្រាវផ្លូវទឹកបុរាណបានបន្សល់ទុកស្រាប់ និងធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន លទ្ធផលនៃការសិក្សាលើគ្រប់បច្ចេកទេសពាក់ព័ន្ធរួមមាន៖ ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម វិស្វកម្មបូមស្តារព្រែកជីក និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធ។

តាមរយៈសន្ទះផ្លូវទឹកចំនួន ៣កន្លែង ដែលគ្រោងនឹងសាងសសង់ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប អាចធានាបាននូវប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាប ដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្កឲ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានឡើយ។ ប៉ុន្តែផ្ទុយទៅវិញ គម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្ត នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឲ្យមានទឹកជំនន់ពីប្រទេសកម្ពុជា ហូរចូលប្រទេសវៀតណាម។

ជាក់ស្តែង តាមការសិក្សាយ៉ាងលម្អិត បានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨ ០០០ម៉ែត្រគូប ក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១ ៤០០ម៉ែត្រគូបក្នុងមួយវិនាទី (1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណន នឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូប ក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣ភាគរយ៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល