កាលពីថ្ងៃទី ២៣ ខែឧសភា ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តឥណទាន (កម្ចី) តម្លៃ ៤០លានដុល្លារអាមេរិក សម្រាប់គម្រោងមួយដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់ពលរដ្ឋកម្ពុជាប្រមាណ ៣៣ ០០០នាក់ តាមរយៈការកែលម្អការបណ្តុះបណ្តាលជំនាញ និងសេវាកម្មទីផ្សារការងារ។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បានឲ្យដឹងថា ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក(IDA)នេះ សំដៅលើកកម្ពស់គុណភាព និងជំនាញពាក់ព័ន្ធ ការងារនៅក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស និងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ។
ឥណទាននេះនឹងជួយទ្រទ្រង់ដល់គម្រោង “ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ” (Skills for Better Jobs) ដែលធ្វើការពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរក ការងារធ្វើ, និងធ្វើការពាក់ព័ន្ធជាមួយនិយោជកឱ្យបានកាន់តែប្រសើរនៅក្នុងការរៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល។
ធនាគារពិភពលោក លើកឡើងថា សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់ចូលទីផ្សារលោកខាងលិច ដែលបានជួយប្រទេសនេះក្នុងការទាក់ ទាញការវិនិយោគផ្ទាល់ពីក្រៅ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការងារនៅតែមានកម្រិតទាប ក្នុងនោះ ៩៨%នៃការងារ នៅក្នុងប្រទេសសុទ្ធតែជាការងារមានជំនាញទាប ហើយក្នុងនោះទៀត មួយផ្នែកធំគឺជាការងារក្រៅប្រព័ន្ធផ្លូវការ។
មានរយៈពេល ៥ឆ្នាំ គម្រោង “ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ” នេះ ត្រូវបានរៀបចំឡើងដើម្បីជួយកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួននៅតាមវិស័យនានា ដែលទាមទារឲ្យមានជំនាញកម្រិតមធ្យមថែមទៀត។ គម្រោងនេះនឹងអនុវត្ត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា នៅពេលកម្ពុជាខិតខំ បោះជំហានឈានឡើងនៅក្នុងខ្សែចង្វាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ការបង្កើនជំនាញកម្លាំងពលកម្មបច្ចុប្បន្ន និងនាពេលខាងមុខនឹងក្លាយជាកិច្ចការគន្លឹះមួយ សម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងកាន់តែប្រសើរឡើង និងឆ្លើយតបបានកាន់តែល្អទៅនឹងតម្រូវការរបស់និយោជក។
លោកស្រី បានឲ្យដឹងថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលឆ្លើយតបបានទៅនឹងតម្រូវការបន្ថែមដោយការបណ្តុះបណ្តាលជំនាញ ដូចជា៖ ជំនាញឌីជីថល និងជំនាញឥរិយាបទជាដើម អាចជួយប្រទេសកម្ពុជាក្នុងការឈានទៅសម្រេចគោលបំណងរបស់ខ្លួនបាន៕
អត្ថបទ៖ វីរៈ រូបភាព៖ មន្ត្រីក្រសួងការងារ