អ្នកវិនិយោគអូស្រា្តលី បង្ហាញគម្រោងអភិវឌ្ឍកសិកម្មឆ្លាតវៃ និងទំនើបលើផ្ទៃដី ១ ០០០ហិកតា នៅខេត្តសៀមរាប

អ្នកវិនិយោគអូស្រា្តលី បង្ហាញគម្រោងអភិវឌ្ឍកសិកម្មឆ្លាតវៃ និងទំនើបលើផ្ទៃដី ១ ០០០ហិកតា នៅខេត្តសៀមរាប

ក្រុមអ្នកវិនិយោគជនជាតិអូស្រា្តលី បានបង្ហាញពីគម្រោងអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តភាព ដោយនឹងអនុវត្តលើផ្ទៃដីប្រហែល ១ ០០០ហិកតា ដែលដាំដុះដំណាំពោត និងកែច្នៃកាកសំណល់កសិកម្មទៅជាជីវធ្យូង។ ការបង្ហាញនេះ គឺក្នុងជំនួបពិភាក្សារវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម ជាមួយគណៈប្រតិភូអូស្រ្តាលី កាលពីថ្ងៃទី ២៣ ខែឧសភា។

តាមដានជាមួយយើង៖ Million Times

នៅក្នុងជំនួបនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីគម្រោង និងឱកាសក្នុងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តភាព តាមរយៈការបង្កើតកសិ-ពាណិជ្ជកម្មខ្នាតធំដំបូងដោយធ្វើកសិកម្មឆ្លាតវៃ និងទំនើប ដើម្បីជំរុញកំណើនផលិតភាពរបស់ក្រុម Agribusiness Asian Group (AAG) ដែលស្ថាបនិកជាជនជាតិអូស្រា្តលី នៅក្នុងខេត្តសៀមរាប។ គម្រោងនេះ នឹងអនុវត្តលើផ្ទៃដីប្រហែល ១ ០០០ហិកតា ក្នុងរយៈពេល ៥ឆ្នាំ ដោយដាំដុះដំណាំពោត និងកែច្នៃកាកសំណល់កសិកម្មរបស់ខ្លួន (ចង្រ្កានពោត) ទៅជាជីវធ្យូង ដើម្បីរក្សាទុកកាបូន។

ក្រុម AAG បានប្តេជ្ញាចិត្តក្នុងការស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីប្រែក្លាយកាកសំណល់កសិកម្មដែលមិនត្រូវបានដុត ទៅជាជីវឧស្ម័ន សំណល់ដំណាំ (ជីវម៉ាស)។ ជីវម៉ាសត្រូវបានដុតនៅសីតុណ្ហភាព ៦០០អង្សាសេ ដើម្បីឈានដល់ជីវម៉ាសកម្រិតខ្ពស់ ហើយជីវឧស្ម័នទាំងនោះ នឹងចាប់យក និងរក្សាទុកកាបូនបានរហូតដល់ ១ ០០០ឆ្នាំ។ ជីវម៉ាសចុងក្រោយដែលទទួលបាន នឹងយកទៅប្រើលើដីដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពដី រួមមាន៖ ការបង្កើន pH ដី បរិយាកាសដី សមត្ថភាពផ្ទុកសារធាតុចិញ្ចឹម និងសកម្មភាពអតិសុខុមប្រាណក្នុងដី។

ជាការឆ្លើយតប លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម បានស្នើឲ្យ AAG សិក្សាបន្ថែមលើការប្រែក្លាយកាកសំណល់កសិកម្មលើដំណាំស្រូវ (ជាពិសេសចំបើង) និងដំណាំដទៃទៀត ដែលអាចជា Bio Recycle ។ តាមរយៈការអនុវត្តលើដី ១ ០០០ហិកតាក្នុងដំណាក់កាលដំបូង AAG អាចពិចារណាពង្រីកឲ្យកាន់តែធំជាងនេះបន្ថែមទៀត ករណីមានការសិក្សាលើសេដ្ឋកិច្ចច្បាស់លាស់ លើដំណាំពោតដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ជាងដំណាំផ្សេងៗ។

បើតាមឯកឧត្តម ប្រាក់ ដាវីដ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងពិចារណាក្នុងការសហការគ្នា ដោយផ្អែកលើគោលនយោបាយរបស់ក្រសួង តាមរយៈកសិកម្មបែបទំនើប ដោយបង្កើតនូវម៉ូឌែលអាជីវកម្មថ្មី ដើម្បីជួយដល់កសិកម្ម និងកសិកម្មបែបទំនើប និងកំណត់យកទីផ្សារឲ្យច្បាស់នូវផលចំណេញសេដ្ឋកិច្ច ក្នុងការជួយដល់ការអនុវត្តគម្រោងខាងលើ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងកសិកម្ម