FDI​៖ កម្ពុជា គឺជាទីតាំងដ៏មានសក្តានុពល សម្រាប់អ្នកវិនិយោគក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត

ប្រទេសកម្ពុជា បានឈរនៅលើកំពូលតារាងសន្ទស្សន៍នៃគោលដៅល្អបំផុត សម្រាប់ការរវិនិយោគបរទេសក្នុងឆ្នាំ២០២៤នេះ និងឆ្នាំបន្តបន្ទាប់ទៀត។ នេះបើតាមរបាយការណ៍បោះពុម្ពផ្សាយដោយសារព័ត៌មាន FDI Intelligence កាលពីពេលថ្មីៗនេះ។

សារព័ត៌មាន FDI ដែលឈរជើងនៅប្រទេសអង់គ្លេសនោះ បានឲ្យដឹងថា ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងសន្ទស្សន៍ឆ្នាំ ២០២៤ ដោយសារកំណើនដ៏រឹងមាំនៃផលិតផលក្នុងស្រុកសរុប អត្រាអតិផរណាទាប និងកំណើនយ៉ាងឆាប់រហ័ស ក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស (FDI)។

របាយការណ៍ដដែលនោះ ក៏បានបង្ហាញដែរថា ប្រទេសកម្ពុជា នឹងសម្រេចបាន GDP ៦.១ភាគរយ ក្នុងឆ្នាំ ២០២៤ នេះ ជាមួយនឹងអត្រាអតិផរណាទាបត្រឹមតែ ៣ភាគរយប៉ុណ្ណោះ។ កម្ពុជា ក៏ត្រូវបានមើលឃើញថា មានការកើនឡើង ៣៩៣ភាគរយ នៃការចំណាយមូលធន FDI ក្នុងប្រទេស និងកំណើន ១១០ភាគរយ ក្នុងគម្រោង FDI ថ្មីៗ។

របាយការណ៍របស់ FDI ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយអំណោយផលជាច្រើន ដើម្បីសម្រួលដល់ការចាប់ផ្តើមធ្វើអាជីវកម្ម ពង្រឹងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ហើយជាទូទៅផ្តល់នូវលក្ខខណ្ឌសមរម្យ សម្រាប់អ្នកវិនិយោគឯកជន។

ក្រៅពីនេះទៀត FDI Intelligence ក៏បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចតាំងពីឆ្នាំ ២០១៩ ដែលជាសញ្ញាល្អដែលថា សេដ្ឋកិច្ចកំពុងកាត់បន្ថយការពឹងផ្អែកខ្លាំង លើវិស័យពាណិជ្ជកម្មប្រពៃណី រួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ជាដើម។

ដោយយោងលើកត្តាទាំងនោះហើយ គឺបង្ហាញថា កម្ពុជាគឺជាទីតាំងដ៏មានសក្តានុពល សម្រាប់អ្នកវិនិយោគក្នុងឆ្នាំ២០២៤ និងឆ្នាំខាងមុខ ហើយជាទីផ្សារដែលកំពុងរីកចម្រើនឈានមុខគេផងដែរ នៅក្នុងតំបន់ និងក្រៅតំបន់ដែលអ្នកវិនិយោគភាគច្រើន កំពុងសម្លឹងមក៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

តាមដានជាមួយយើង៖ Million Times