សម្រេចបន្តផែនទីផ្លូវទស្សនាមេគង្គដើម្បីជំរុញកញ្ចប់ទស្សនកិច្ចតំបន់មេគង្គលើកម្ពុជា-ឡាវ

រដ្ឋបាលខេត្តក្រចេះនិងស្ទឹងត្រែង សម្រេចផ្តល់សុពលភាពលើផែនទីផ្លូវទស្សនាមេគង្គបន្តទៀតដើម្បីអភិវឌ្ឍទេសចរណ៍ដងទន្លេមេគង្គលើខេត្តក្រចេះ និងស្ទឹងត្រែង រួមជាមួយការភ្ជាប់កញ្ចប់ទស្សនកិច្ចដល់ប្រទេសឡាវ ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានមើលឃើញថា បច្ចុប្បន្នវិស័យទេសចរណ៍ខេត្តនិងសក្តានុពលទេសចរណ៍សំខាន់ៗតាមដងទន្លេមេគង្គ គឺជាផលិតផលទាក់ទាញទេសចរណ៍ដ៏សំខាន់ៗ។ ជាមួយគ្នានោះ គោលបំណងនិងទិសដៅរបស់ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្ត គឺដើម្បីជំរុញអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់មេគង្គលើ។

តាមដានជាមួយយើង៖ Million Times

លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា តាមរយៈផ្លូវទស្សនាមេគង្គនេះ បានធ្វើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិបានស្គាល់ និងមកទស្សនាខេត្តទាំងពីរយ៉ាងច្រើនកុះករ ជាហេតុនាំឲ្យ វិស័យទេសចរណ៍នៅក្នុងខេត្តមានសន្ទុះរីកចំរើនគួរឲ្យកត់សំគាល់ ។ ម្យ៉ាងទៀត វាក៏បានបង្កើតជាសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ជាច្រើននៅតាមដងទន្លេមេគង្គ ដែលបានបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋានតាមរយៈ ការផ្តល់សេវាកម្មទេសចរណ៍ផងដែរ។

លោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានលើកឡើងថា ជាក់ស្តែង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការពិបាកក្នុងការស្វែងរកព័ត៌មាន និងទីកន្លែងកម្សាន្តថ្មីៗដែលបានរៀបចំឡើងតាមបណ្តោយដងទន្លេមេគង្គលើ។  ដូច្នេះហើយ ការធ្វើបច្ចុប្បន្នភាពផែនទីផ្លូវទស្សនាមេគង្គលើ គឺជារឿងចាំបាច់មិនអាចខ្វះបាន សំដៅផ្តល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មានពីកន្លែងកម្សាន្ត តាមបណ្តោយដងទន្លេមេគង្គលើដែលមានភូមិសាស្ត្រស្ថិតក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

តាមរយៈផ្លូវទស្សនាមេគង្គ បានធ្វើឲ្យទេសចរបរទេសបានជ្រើសរើសខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជាគោលដៅចម្បងទី២ (Secondary Destinations) ដោយភ្ជាប់ការទស្សនាពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយបន្តដំណើរទៅកាន់ប្រទេសឡាវ និងពីប្រទេសឡាវមកកាន់ខេត្តស្ទឹងត្រែង និងក្រចេះ រួមបន្តដំណើរទៅកាន់ខេត្តសៀមរាបជាដើម។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០០៦ ក្រសួងទេសចរណ៍ ព្រមទាំងមន្ទីរទេសចរណ៍ខេត្តក្រចេះនិងខេត្តស្ទឹងត្រែង បានសហការជាមួយអង្គការ UNWTO អង្គការ SNV ព្រមជាមួយស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ក្នុងការចងក្រងបង្កើតនិងដាក់ឲ្យប្រើប្រាស់ ផ្លូវទស្សនាមេគង្គលើ (Upper Mekong Trail Map) នៅតាមបណ្តោយដងទន្លេមេគង្គលើ ចាប់ពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ៕

អត្ថបទ៖ នារតី រូបភាព៖ Cambodia Mekong Trail