ហេតុផលកម្ពុជាត្រូវការជាចាំបាច់នូវកិច្ចព្រមព្រៀមស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា

អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីអនុលោមច្បាប់ទាក់ទងនឹងកិច្ចព្រមព្រៀមស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ក្នុងហេតុផលសំខាន់ៗជាច្រើន ដើម្បីទាក់ទាញនិងជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ។

លោក ស៊ឹម សូលីន អនុប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធនិងសហប្រតិបត្តិការពន្ធដាអន្តរជាតិ បានលើកឡើងពីមូលហេតុចម្បងដែលកម្ពុជាត្រូវការកិច្ចព្រមព្រៀង (DTA) ដោយសារ៖ កម្ពុជាជារដ្ឋសមាជិកអាស៊ានដែលយោងតាមផែនការមេ សហគមន៍សេដ្ឋកិច្ចអាស៊ានគឺមានចែងអំពីវិស័យពន្ធដារ ក្នុងនោះរដ្ឋសមាជិកត្រូវកំណត់ឲ្យព្យាយាមបញ្ចប់ការចរចាកិច្ចព្រមព្រៀង (DTA)ក្នុងចំណោមរដ្ឋសមាជិកទាំងអស់។ 

បន្ថែមពីលើការបំពេញកាតព្វកិច្ចក្រោមក្របខណ្ឌអាស៊ាននេះ កម្ពុជាក៏ត្រូវការកិច្ចព្រមព្រៀង (DTA) ដើម្បីបង្កើនភាពទាក់ទាញនិងសម្រួលការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្រ្កាបការកិបកេងបន្លំពន្ធទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិផងដែរ។

ជារួម កិច្ចព្រមព្រៀង (DTA) ក៏បានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់កម្ពុជាជាច្រើនរួមមាន៖
១. ការទាក់ទាញនិងជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ដោយសារភាពច្បាស់លាស់ តម្លាភាព និងគ្មានការរើសអើងក្នុងវិស័យពន្ធដារ
២. កំណើនមូលដ្ឋានពន្ធ
៣. រំហូរមូលធនដោយសារភាពទាក់ទាញនៃអត្រាពន្ធកាត់ទុកលើការប្រាក់និងភាគលាភ

៤. ការផ្ទេរបច្ចេកវិទ្យានិងជំនាញពីបរទេស តាមរយៈបទប្បញ្ញត្តិស្តីពីសេវាបច្ចេកទេសនិងសួសារ
៥. ការការពារនិវាសនជនកម្ពុជាដែលជាវិនិយោគិននៅបរទេស 

៦. ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ជាពិសេសការទប់ស្កាត់និងការបង្រ្កាបការកិបកេងបន្លំពន្ធតាមរយៈការផ្លាស់ប្តូរព័ត៍មានរបស់អ្នកជាប់ពន្ធ។

ជាមួយគ្នានោះ អ្នកជាប់ពន្ធអាចទទួលនូវអត្ថប្រយោជន៍ដោយផ្ទាល់ពីកិច្ចព្រមព្រៀង (DTA) ផងដែរ ក្នុងនោះរួមមាន៖
-ការទទួលបានការអនុញ្ញាតបន្ធរបន្ថយពន្ធឬលើកលែងពន្ធកាត់ទុកដែលភាគច្រើននៃកិច្ចព្រមព្រៀង (DTA) ដែលកម្ពុជាមានជាធរមានគឺបានកម្រិតអត្រាពន្ធកាត់ទុកលើភាគលាភ ការប្រាក់ សួយសារ និងកម្រៃសេវាបច្ចេកទេសមកត្រឹម 10%

-ការទទួលបានការអនុញ្ញាតបន្ធូរបន្ថយ ឬលើកលែងបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ នាវាឬទូក ឬតាមផ្លូវដែកឬផ្លូវគោក ក្នុងចរាចរណ៍អន្តរជាតិក្រោមកិច្ចព្រមព្រៀង (DTA)

-ការទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធដែលបានបង់នៅប្រទេសប្រភពពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ៕

អត្ថបទ៖ នារតី រូបភាព៖ ក្រសួងសេដ្ឋកិច្ច