សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា វិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជាមានភាពរឹងមាំ និងកសាងធនធានមនុស្ស ព្រមទាំងកម្លាំងការងារជំនាញរឹងមាំជាងមុន។
ការលើកឡើងនេះ គឺក្នុងជំនួបពិភាក្សារវាងលោក Robert Hwang អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ជាមួយលោក Hacheong Yun អគ្គនាយក KOTRA (ទីភ្នាក់ងារពាណិជ្ជកម្មកូរ៉េ) នៅថ្ងៃទី ២៣ ខែឧសភានេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងជំនួយពាណិជ្ជកម្មច្រើនជាងមុន និងការវិនិយោគរវាងប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សានេះ តំណាងសមាគម TAFTAC បានមើលឃើញថា វិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជាមានភាពរឹងមាំ និងកសាងធនធានមនុស្ស ព្រមទាំងកម្លាំងការងារជំនាញរឹងមាំជាងមុន ហើយនឹងស្វាគមន៍វិនិយោគិនកូរ៉េទាំងអស់ ដែលមកបណ្តាក់ទុនទាំងផ្នែកផលិតកម្ម និងការវិនិយោគលើផ្នែកផលិតវត្ថុធាតុដើម។
សមាគម TAFTAC បានគូសបញ្ជាក់ថា បញ្ហាចីរភាព គឺជានិន្នាការថ្មីមួយដែលកំពុងលេចឡើង ដែលឧស្សាហកម្មនេះកំពុងសម្លឹងមើល ដើម្បីកសាងបរិស្ថានប្រកបដោយចីរភាព និងកន្លែងផលិតកម្មបៃតងជាងមុន(គិតអំពីបរិស្ថានខ្លាំងជាងមុន)។
ក្រុមហ៊ុនប្រហែល ១៥០០ ស្ថិតនៅក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរដែលមានកម្មករនិយោជិតប្រហែល ៩០ម៉ឺននាក់ ជាមួយនឹងប្រាក់បៀវត្សរ៍ជាមធ្យម ២៦០ ដុល្លារ/ខែ ដែលរួមចំណែកដល់ ១០ភាគរយនៃGDP។ ក្នុងនោះដែរ ជារៀងរាល់ឆ្នាំអ្នកស្វែងរកការងារថ្មី និងយុវជនវ័យក្មេងចំនួន ៣០ម៉ឺននាក់ បានចូលក្នុងទីផ្សារការងារ។
បើតាមសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បច្ចុប្បន្នវត្ថុធាតុដើម ភាគច្រើនបំផុតត្រូវបាននាំចូល ហើយកម្ពុជាត្រូវការផលិតកម្មផលិតវត្ថុធាតុដើមច្រើនជាងមុន ដើម្បីវិនិយោគក្នុងការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ច្រើនជាងមុន។ ការនាំចេញមានចំនួន ១១ ២៩០លានដុល្លារ ទៅសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ជប៉ុន ចក្រភពអង់គ្លេស កាណាដា និងទីផ្សារផ្សេងៗទៀត។
ចំណែកភ្នាក់ងារពាណិជ្ជកម្មកូរ៉េ (KOTRA) ក៏បានលើកឡើងដែរថា KOTRA ជាផ្នែកពាណិជ្ជកម្មរបស់ស្ថានទូតកូរ៉េ ដែលជួយសមាជិកកូរ៉េ វិនិយោគិននៅក្រៅប្រទេសជាង ១០០ប្រទេស។ វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) បានធ្វើបទបង្ហាញអំពីវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ ហើយរីករាយក្នុងការសហការជាមួយដៃគូកូរ៉េក្នុងការអភិវឌ្ឍន៍ម៉ូដ ជំនាញ និងផែនការអភិវឌ្ឍន៍ធនធានមនុស្សពាក់ព័ន្ធ។
KOTRA នឹងធ្វើការជាមួយវិនិយោគិន ស្ថាប័ននានា ដើម្បីស្វែងរកឱកាសសម្រាប់ការបណ្តុះបណ្តាល ជំនួយបច្ចេកទេស ការដោះដូរកម្មវិធីសិក្សាក្នុងវិស័យ ដែលទាក់ទងនឹងការអភិវឌ្ឍន៍ធនធានមនុស្ស។ ទាំង KOTRA និង TAFTAC កំណត់ចំណុចទំនាក់ទំនង និងសហការដើម្បីផលប្រយោជន៍របស់សមាជិកទាំងវិនិយោគិនកូរ៉េ និងកម្ពុជាក្នុងវិស័យឧស្សាហកម្ម៕
អត្ថបទ៖ វីរៈ រូបភាព៖ សមាគម TAFTAC