សេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៤ ត្រូវបានព្យាករថា នឹងមានកំណើន ៦ភាគរយ ដែលគាំទ្រជាចម្បងដោយ ការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូន និងទូរគមនាគមន៍។
ចំណែកឯកម្រិតអតិផរណានៅក្នុងឆ្នាំ ២០២៤នេះ ក៏ត្រូវបានប៉ាន់ប្រមាណថា ស្ថិតនៅក្នុងរង្វង់ ២ភាគរយ។ នេះបើតាមការលើកឡើងរបស់លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) នៅក្នុងរបាយការណ៍ ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២៣ ដែលត្រូវបានបង្ហាញនៅថ្ងៃទី ២០ ខែឧសភានេះ។
តាមរយៈរបាយការណ៍នេះ លោកស្រី ជា សិរី ក៏បានឲ្យដឹងថា ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថា នឹងរួមចំណែកទាក់ទាញលំហូរវិនិយោគ និងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ទោះជាយ៉ាងណាក៏ដោយ បើតាមលោកស្រី ជា សិរី ដដែល សេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៤ ក៏ប្រឈមនឹងហានិភ័យមួយចំនួនដូចជា៖ ភាពតានតឹង និងការបែងចែកផ្នែកភូមិសាស្ត្រនយោបាយ ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រ ជាដើម។
លោកស្រី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបន្ថែមថា ហានិភ័យទាំងអស់នេះ អាចបណ្ដាលឲ្យសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។
កាលពីព្រឹកថ្ងៃទី ១៣ ខែឧសភាកន្លងទៅនេះ ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៤ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ ២០២៣ ហើយនិងបន្តមានកំណើនថែមទៀតនៅឆ្នាំ ២០២៥ខាងមុខ។ រីឯធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) បានព្យាករសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៤នេះថា នឹងមានការកើនឡើងក្នុងអត្រា ៥.៨ភាគរយ។
សូមជម្រាបថា កាលពីឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញជាមួយនឹងអត្រាកំណើន ៥.៦ភាគរយ៕
អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារជាតិនៃកម្ពុជា