ចិនប្រកាសវិធានការថ្មីដើម្បីស្ដារវិស័យអចលនទ្រព្យ

ចិនប្រកាសវិធានការថ្មីដើម្បីស្ដារវិស័យអចលនទ្រព្យ

ប្រទេសចិនបានបង្ហាញវិធានការថ្មីដើម្បីជួយសង្គ្រោះ ក៏ដូចជាស្ដារវិស័យអចលនទ្រព្យរបស់ខ្លួន រួមទាំងការស្នើសុំឱ្យរដ្ឋាភិបាលក្នុងតំបន់នៅទូទាំងប្រទេសជួយទិញផ្ទះពីក្រុមហ៊ុនអភិវឌ្ឍន៍ដែលមិនទាន់លក់ដាច់ និងការបន្ធូរបន្ថយច្បាប់លើការទិញជាដើម ។

ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបលឿនជាងការរំពឹងទុកនៅដើមឆ្នាំនេះក៏ដោយ ប៉ុន្តែចំពោះកំណើនវិស័យអចលទ្រព្យសំខាន់ៗវិញ គឺនៅជាប់គាំងនៅឡើយ ខណៈទីផ្សារមួយនេះធ្លាប់ជួយសកម្មភាពសេដ្ឋកិច្ចចិនរហូតដល់ ៣០ ភាគរយឯណោះ ។

លោក He Lifeng ឧបនាយករដ្ឋមន្ត្រី និងជាមន្ត្រីសេដ្ឋកិច្ចកំពូលរបស់បក្សកុម្មុយនិស្តចិនបាននិយាយថា រដ្ឋាភិបាលនៅតាមតំបន់គួរតែទិញផ្ទះដែលមិនទាន់លក់ដាច់ ហើយប្រែលំនៅដ្ឋានទាំងនោះដាក់លក់ក្នុងតម្លៃសមរម្យអាចទទួលយកបាន ហើយនេះជាជំហានមួយឆ្ពោះទៅរកដំណោះស្រាយដ៏សំខាន់សម្រាប់វិស័យអចលនទ្រព្យដែលកំពុងមានវិបត្តិ ។

នៅក្នុងសកម្មភាពសម្របសម្រួលនេះ រដ្ឋាភិបាលនឹងប្រកាសបង្កើតកម្មវិធីផ្ដល់ប្រាក់កម្ចីនៅទូទាំងប្រទេសចំនួន ៣០០ ពាន់លានយ័ន (៤១.៥ ពាន់លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់ការទិញផ្ទះដែលមិនទាន់លក់ដាច់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលសាងសង់រួច ។

ចំណែកលោកស្រី Tao Ling ទេសាភិបាលរងនៃធនាគារកណ្តាលចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ខ្លួននឹងលើកទឹកចិត្តធនាគារពាណិជ្ជកម្មឱ្យគាំទ្រសហគ្រាសរដ្ឋក្នុងស្រុកដើម្បីទិញផ្ទះដែលមិនទាន់លក់ដាច់ និងប្រែក្លាយលំនៅដ្ឋានទាំងនោះទៅជាទ្រព្យសម្បតិ្តរដ្ឋ ។

លោកស្រីបានប៉ាន់ប្រមាណថា ទឹកប្រាក់ចំនួន ៣០០ ពាន់លានយ័ន (៤១.៥ ពាន់លានដុល្លារ) ដែលផ្តល់ដោយធនាគារកណ្តាល នឹងអាចគាំទ្រឥណទានចំនួន ៥០០ ពាន់លានយ័ន (៦៩ ពាន់លានដុល្លារ) ដើម្បីគាំទ្រការទិញលំនៅដ្ឋានបែបនេះ ។

សូមជម្រាបថា រដ្ឋាភិបាលក្នុងតំបន់របស់ប្រទេសចិនបានប្រមូលបំណុលចំនួន ១៥ ពាន់ពាន់លានដុល្លាររួចទៅហើយ ដែលភាគច្រើនជាប្រាក់ម្ចីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីរ៉ាប់រងលើការចំណាយទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាដើម ៕

តាមដានជាមួយយើង៖ Million Times
សំណង់អគារនៅចិន

បកប្រែ ៖ ទីន