Elon Musk បើកដំណើរការសេវាផ្កាយរណប Starlink ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលកំពុងខ្វះខាតអ៊ិនធឺណិតប្រើនៅតំបន់កោះ

ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះជាង ១,៧០០ មានប្រជាជនច្រើនជាង ២៧០ លាននាក់គ្មានអ៊ីនធឺណិតប្រើប្រាស់នោះទេមកទល់នឹងឆ្នាំ២០២២ ហើយចាប់ពីថ្ងៃនេះតទៅប្រជាពលរដ្ឋរស់នៅតំបន់ណាក៏អាចភ្ជាប់អ៊ីនធឺណិតបានដែរ តាមរយៈសេវារបស់ផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX។

លោក Elon Musk បានធ្វើដំណើរទៅកាន់កោះបាលី កាលពីថ្ងៃអាទិត្យ ដើម្បីបើកដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink នៅក្នុងប្រទេសប្រជុំកោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ លោក Musk បានធ្វើតេស្តល្បឿននៃសេវាអ៊ីនធឺណេតStarlink ជាមួយបុគ្គលិកសុខាភិបាលជាច្រើននៅក្នុងតំបន់ដាច់ស្រយាល រួមទាំងនៅកោះ Aru ។

លោក Musk បាននិយាយថា “សេវា Starlink នឹងជួយអ្នកសង្គ្រោះជីវិតអ្នកជំងឺសម្រាកក្នុងមន្ទីរគ្លីនិកដាច់ស្រយាលផង​ និងអាចជាឧបករណ៍ជួយផ្តាស់ប្តូរក្នុងវិស័យការអប់រំផងដែរ” ។

លោកនិយាយបន្តថា “ប្រសិនបើអ្នកអាចចូលប្រើសេវាStarlink ហើយអ្នកអាចរៀនអ្វីក៏បាន អ្នកក៏អាចលក់សេវាកម្មរបស់អ្នកបានទូទាំងពិភពលោកផងដែរ។ ដូច្នេះ ខ្ញុំ​គិត​ថា វា​នឹង​មាន​ប្រយោជន៍​មិន​គួរ​ឲ្យ​ជឿ»។

រដ្ឋមន្ត្រីសម្របសម្រួលនៃក្រសួងសមុទ្រ និងវិនិយោគ បាននិយាយថា ការបើកដំណើរការសេវាកម្មនៅក្លិនិករដ្ឋទូទាំងប្រទេស ស្របតាមបេសកកម្មដ៏ទូលំទូលាយរបស់ Starlink ក្នុងការផ្តល់នូវលទ្ធភាពទទួលបានសេវាអ៊ីនធឺណិតល្បឿនលឿន ជាពិសេសនៅក្នុងតំបន់ដែលមិនមានសេវា និងដាច់ស្រយាល ។

លោករដ្ឋមន្ត្រីនិយាយថា “តំបន់ដាច់ស្រយាលរបស់យើងត្រូវការ Starlink ដើម្បីពង្រីកសេវាអ៊ីនធឺណិត ជាពិសេសដើម្បីជួយដោះស្រាយបញ្ហាក្នុងវិស័យសុខាភិបាល អប់រំ និងដែនសមុទ្រ”។

សូមជម្រាបថា ឥណ្ឌូណេស៊ីបានជំរុញការអភិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យាឌីជីថល និងព័ត៌មាន ដើម្បីសម្រេចបាននូវចក្ខុវិស័យ Golden Indonesia 2045 របស់រដ្ឋាភិបាល។ ប្រទេសនេះសង្ឃឹមថានឹងក្លាយជាប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ចកំពូលទាំងប្រាំរបស់ពិភពលោកដែលមានផលិតផលក្នុងស្រុកសរុបរហូតដល់ ៩ពាន់ពាន់លានដុល្លារនាពេលខាងមុខ៕

អត្ថបទ៖ សារ៉ាយ