កាន់តែងាយស្រួល! អ្នកជាប់ពន្ធអាចប្រកាសពន្ធត្រឹមត្រូវដោយខ្លួនឯងតាមកម្មវិធីអេឡិចត្រូនិចទាំងនេះ

កាន់តែងាយស្រួល! អ្នកជាប់ពន្ធអាចប្រកាសពន្ធត្រឹមត្រូវដោយខ្លួនឯងតាមកម្មវិធីអេឡិចត្រូនិចទាំងនេះ

អគ្គនាយកដ្ឋានពន្ធដារ ជំរុញនិងលើកទឹកចិត្តដល់អ្នកជាប់ពន្ធដែលជាម្ចាស់សហគ្រាសធុនតូចនិងមធ្យម គួរយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញវីជ្ជាជីវៈពន្ធដារបន្ថែម តាមរយៈវគ្គបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈពន្ធដា ដែលអាចឲ្យអ្នកជាប់ពន្ធធ្វើការប្រកាសពន្ធបានត្រឹមត្រូវដោយខ្លួនឯងតាមកម្មវិធីអេឡិចត្រូនិចដែលរដ្ឋបានដាក់ចេញ។

លោក ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងសិក្ខាសាលាស្តីពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធនិងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ( e-Filling) បានលើកឡើងអំពីសារៈសំខាន់និងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ ( e-Filling) ជំនួសឲ្យការដាក់លិខិតប្រកាសពន្ធដោយដៃ។

តាមដានជាមួយយើង៖ Million Times

អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវកម្មវិធីបច្ចេកវិទ្យាព័ត៍មានជាច្រើនដើម្បីផ្តល់សេវាអ្នកជាប់ពន្ធនិងសម្រួលដល់ការបង់ពន្ធជូនអ្នកជាប់ពន្ធដែលរួមមាន៖ កម្មវិធីរដ្ឋបាលអេឡិចត្រូនិចពន្ធដារ ( GDT e-Administration), កម្មវិធីព័ត៍មានស្តីពីពន្ធដារ ( GDT News App) ,កម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ ( GDT Taxpayer App), កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច ( GDT Tax Prefilling App), កម្មវិធីគណនាពន្ធលើមធ្យោបាយដឹកជញ្ចូន ( GDT Means of Transportation Tax Calculation), កម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ ( GDT Live Chat App), និងកម្មវិធីប្រតិទិនពន្ធដារ ( GDT Check &Track App) ដើម្បីពិនិត្យនិងតាមដានឯកសារដែលបានដាក់មកអគ្គនាយកដ្ឋានពន្ធ ដោយគ្រាន់តែស្កែនបារកូដនៅលើលិខិតបញ្ជាក់ការទទួលឯកសារ នោះអ្នកជាប់ពន្ធនឹងបានដឹងអំពីដំណើរការឯកសាររបស់ខ្លួន។



ជាមួយគ្នានេះ លោកបានស្នើដល់អ្នកជាប់ពន្ធផ្តល់ជាមតិយោបល់អំពីការប្រើប្រាស់ប្រព័ន្ធនេះដើម្បីកែលម្អប្រព័ន្ធឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ អ្នកជាប់ពន្ធអាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលផ្សេងៗនៅសាលាជាតិពន្ធដារ ពិសេសគឺវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដាដែលអាចឲ្យអ្នកជាប់ពន្ធធ្វើការប្រកាសពន្ធបានត្រឹមត្រូវដោយខ្លួនឯងស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ។

ក្រៅពីនេះ អភិបាល បណ្ណាធិការ ឬម្ចាស់សហគ្រាសដែលបានចុះបញ្ជីពាណិជ្ជកម្ម ត្រូវមកចុះបញ្ជីពន្ធដារក្នុងអំឡុងពេល១៥ថ្ងៃ ចៀសវាងទទួលរងនូវទណ្ឌកម្មរដ្ឋបាលផ្សេងៗ។ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពប្រតិបត្តិច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ដើម្បីឈ្វេងយល់ឲ្យបានកាន់តែស៊ីជម្រៅថែមទៀត ចំពោះសិទ្ធិរបស់អ្នកជាប់ពន្ធដែលត្រូវទទួលបាន និងកាតព្វកិច្ចសារពើពន្ធដែលអ្នកជាប់ពន្ធត្រូវអនុវត្តក្នុងការប្រកាស និងបង់ប្រាក់ពន្ធសម្រាប់សកម្មភាពអាជីវកម្មរបស់ខ្លួន៕

អត្ថបទ៖ នារតី