មេក្រុមហ៊ុន Booyoung Khmer អះអាងថា ការវិនិយោគនៅកម្ពុជា មិនមែនដើម្បីប្រាក់ចំណេញសុទ្ធសាធនោះទេ

មេក្រុមហ៊ុន Booyoung Khmer អះអាងថា ការវិនិយោគនៅកម្ពុជា មិនមែនដើម្បីប្រាក់ចំណេញសុទ្ធសាធនោះទេ

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Booyoung Khmer II Co.,Ltd. លោកបណ្ឌិត Lee Joong Keun បានអះអាងនៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា គឺមិនមែនដើម្បីប្រាក់ចំណេញសុទ្ធសាធនោះទេ ថែមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ផងដែរ។

តាមដានជាមួយយើង៖ Million Times

ការអះអាងនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

នៅក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាភិបាល បានរំលឹកអំពីប្រសាសន៍ប្រកបដោយអត្ថន័យរបស់លោក ប្រធានាធិបតី យូន ស៊កយ៉ល កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ ថា “ប្រទេសកូរ៉េ និងកម្ពុជា គឺជាបងប្អូននឹងគ្នា”។

បន្ថែមលើនេះលោកបានអះអាងថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា គឺមិនមែនក្នុងបំណងស្វែងរកប្រាក់ចំណេញសុទ្ធសាធនោះទេ តែថែមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។

គួរដឹងដែរថា Booyoung Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ ដែលជាក្រុមហ៊ុនឯកទេសរបស់កូរ៉េ ក្នុងវិស័យអចលនទ្រព្យ។ នៅកម្ពុជា ក្រុមហ៊ុន Booyoung Group មានគម្រោងចំនួន ៦ ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការអប់រំ និងទេសចរណ៍ (សណ្ឋាគារ និងទីលាន វាយកូនហ្គោល) ហើយគម្រោងដែលគួរឲ្យកត់សម្គាល់មួយចំនួនមានដូចជា៖ បុរី ប៊ូយ៉ុង ថោន និងធនាគារ ប៊ូយ៉ុង ខ្មែរ។ នាពេលកន្លងមក ក្រុមហ៊ុន Booyoung Group ក៏បានបរិច្ចាគរថយន្តក្រុងចំនួន ១ ០០០គ្រឿងដល់រាជរដ្ឋាភិបាល និងបានជួយសាងសង់អគារសិក្សាចំនួន ៣០០ខ្នង រួមជាមួយនឹងការបរិច្ចាគក្តារខៀនចំនួន ៤០ ០០០ ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានអរគុណដល់ក្រុមហ៊ុន ដែលបានរួមដល់រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបណ្ដាក់ទុនវិនិយោគលើវិស័យជាច្រើន រួមមាន៖ វិស័យសំណង់ វិស័យធនាគារ និងវិស័យសក្ដានុពលផ្សេងទៀត ដែលជាចំណុចខ្លាំងនៃអាជីវកម្មរបស់ក្រុមហ៊ុន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន បន្តជួបពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា សម្របសម្រួលលើកិច្ចការដែលនៅសេសសល់ និងពង្រីកឱកាសវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា ដើម្បីការចម្រើនបន្ថែមទៀតរបស់ក្រុមហ៊ុន ក៏ដូចជាជាប្រយោជន៍ដល់ប្រជាជនកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្ដេចធិបតី