ក្រុមហ៊ុនជប៉ុនដែលកំពុងឈរជើងនៅតំបន់អាស៊ានជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិច គ្រោងវិនិយោគ ៣២១លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅកម្ពុជា និងពង្រីកទិន្នផលរោងចក្រថាមពលសូឡានៅថៃ។
សារព័ត៌មាន NIKKEI ASIA បានចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភាថ្មីៗនេះថា ក្រុមហ៊ុន MinebeaMitsumi គ្រោងបោះទុនប្រមាណ ២០៥លានដុល្លារដើម្បីសាងសង់រោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងម៉ាស៊ីននៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ ហើយគ្រោងពង្រីកទុនប្រមាណជាង ១០៩លានដុល្លារវិនិយោគរោងចក្រផលិតថាមពលសូឡានៅប្រទេសថៃ។
ក្រៅពីកម្ពុជា និងថៃ ក្រុមហ៊ុននេះ ក៏បាននឹងកំពុងតម្លើងរោងចក្រថាមពលសូឡាហ្វីលីពីនផងដែរ ដែលទិន្នផលថាមពលសរុបក្នុងប្រទេសទាំង៣នេះរំពឹងថាអាចនឹងកើនដល់ ២៣០មេហ្កាវ៉ាត់ នៅឆ្នាំ២០២៥។
សូមជម្រាបថា ក្រុមហ៊ុន Minebea Cambodia បច្ចុប្បន្នកំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋជិត៧០០០នាក់ ដែលផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ Minebea