អាមេរិកប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីចិនរហូតដល់ ១៨ ពាន់លានដុល្លារ

សេតវិមានបានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានសម្រេចដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិនក្នុងតម្លៃរហូតដល់ ១៨ ពាន់លានដុល្លារ ។

សេតវិមានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ការសម្រេចរបស់អាមេរិកនាពេលនេះ គឺដោយសារតែការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌របស់ប្រទេសចិនទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា និងនវានុវត្តន៍កំពុងគំរាមកំហែងដល់អាជីវកម្ម និងកម្មករអាមេរិក” ។

វិធានការថ្មីនេះរួមមានការដំឡើងអត្រាពន្ធលើផលិតផលដែក និងអាលុយមីញ៉ូមមួយចំនួនពី ០ ទៅ ៧.៥ ភាគរយឡើងដល់ ២៥ ភាគរយសម្រាប់ឆ្នាំនេះ, គ្រឿងអេឡិចត្រូនិកពី ២៥ ភាគរយទៅ ៥០ ភាគរយនៅឆ្នាំក្រោយ, រថយន្តអគ្គិសនី (EV) ពី ២៥ ភាគរយទៅ ១០០ ភាគរយនៅឆ្នាំនេះ, ធ្យូងថ្ម និងដែកពី ០ ទៅ ២៥ ភាគរយក្នុងឆ្នាំ ២០២៦ និងសារធាតុរ៉ែសំខាន់ៗមួយចំនួនទៀតពីសូន្យដល់ ២៥ ភាគរយនៅឆ្នាំនេះ ។

លើសពីនេះទៅទៀត អត្រាពន្ធលើអាគុយរថយន្តអគ្គិសនីប្រភេទ lithium-ion នឹងកើនឡើងពី ៧.៥ ទៅ ២៥ ភាគរយនៅឆ្នាំ ២០២៤ ខណៈអត្រាពន្ធលើរថយន្តអគ្គិសនីមិនប្រើអាគុយប្រភេទ lithium-ion នឹងឡើងពី ៧.៥ ភាគរយទៅ ២៥ ភាគរយក្នុងឆ្នាំ ២០២៦ ហើយអត្រាពន្ធលើអាគុយផ្សេងទៀតកើនពី ៧.៥ ភាគរយទៅ ២៥ ភាគរយក្នុងឆ្នាំ ២០២៤ នេះតទៅ ។

ជាចុងក្រោយ សេតវិមានបញ្ជាក់ថា ការអនុវត្តរបស់ប្រទេសចិនបែបនេះគឺបានបង្កើតហានិភ័យស្ទើរតែមិនអាចទទួលយកបានចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ និងសន្តិសុខសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន