ម្ចាស់ចំការដូងមួយកន្លែង ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បានបង្ហើបអំពីចំណូលខ្ទង់ម៉ឺនដុល្លារក្នុង ១ខែៗ ដោយសារការដាំដំណាំដូងក្រអូប ២ ០០០ដើម ក្នុងទំហំដីប្រមាណ ៥ហិកតា ខណៈផ្លែដូងក្រអូបកំពុងមានទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។
តាមរយៈការផ្ដល់បទសម្ភាសន៍ដល់មន្ទីរកសិកម្មខេត្តបាត់ដំបង កញ្ញា កេង សុចិន្តា ម្ចាស់កសិដ្ឋាន Daling Farm ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា ការចាប់មុខរបរនេះ ដោយសារឪពុក-ម្ដាយ និងជីដូន-ជីតា ជាកសិករ ហើយកញ្ញាចិត្តចូលទទួលទានផ្លែដូងផង។
សុចិន្តា រំលឹកថា ថ្ងៃមួយកញ្ញា បានធ្វើដំណើរទៅក្រៅប្រទេស ក៏ឃើញកសិករគេដាំដំណាំដូងល្អ រួចកញ្ញាក៏សាកដាំដំណាំនេះរហូតដល់សព្វថ្ងៃ ដោយបានកែច្នៃ និងផ្គត់ផ្គង់ក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល។
សុចិន្តា បានប្រាប់ថា កញ្ញា បានចាប់ផ្ដើមដាំដើមដូងនៅឆ្នាំ ២០២០ ដោយមកដល់ពេលនេះមានរយៈពេល ៤ឆ្នាំហើយ។ កញ្ញា មានដីចំនួន ៣៥ហិកតា សម្រាប់ការដាំដំណាំកសិកម្មផ្សេងៗ តែក្នុងនោះ ៥ហិកតា សម្រាប់ដាំដំណាំដូងក្រអូបចំនួន ២ ០០០ដើម។
កញ្ញា បានប្រាប់ទៀតថា សម្រាប់អ្នកដែលចិត្តទុកដាក់ និងថែទាំបានត្រឹមត្រូវ គឺប្រហែលឆ្នាំ ២ឆ្នាំកន្លះ អាចចាប់ផ្ដើមប្រមូលផលបានបណ្ដើរៗហើយ ដោយក្នុងនោះអាចប្រមូលផលដូង ៧ ០០០ ទៅ ៨ ០០០ផ្លែ ក្នុង ១ខែ សម្រាប់ការប្រមូលផលឆ្នាំទី ១ និងជាង ១០ ០០០ផ្លែ សម្រាប់ឆ្នាំទី ២ និងឆ្នាំទី ៣។
ម្ចាស់ចំការ Daling Farm ប្រាប់បន្ថែមថា ចំពោះការថែទាំចំណុចសំខាន់បំផុត គឺត្រូវមានទឹកគ្រប់គ្រាន់ រីឯពូជគឺជាអាស្រ័យលើចំណង់ចំណូលចិត្តម្នាក់ៗ ហើយក៏ត្រូវឧស្សាហ៍បាញ់ថ្នាំសត្វល្អិតឲ្យបានច្រើន និងសំអាតគល់ដូងឲ្យបានស្អាត ផងដែរ។
សម្រាប់ សុចិន្តា កញ្ញាជ្រើសរើសដាំដូងក្រអូបដោយសារតែប្រមូលផលបានលឿន និងទីផ្សារខ្ពស់ ទាំងក្នុងស្រុក និងក្រៅស្រុក។ សម្រាប់ទីផ្សារចំការ Daling Farm បានចុះកុងត្រាលក់ផ្លែដូងក្រអូប ទៅកាន់ផ្សារ Makro Cambodia, Tela Mart Cambodia និងតាម Mart មួយចំនួនទៀត។
សុចិន្តា អះអាងថា ដោយសារមានតម្រូវការច្រើន ទើបចំការរបស់កញ្ញាផ្គត់ផ្គង់មិនទាន់តម្រូវការ។ ដូច្នេះហើយទើបកញ្ញា ណែនាំឲ្យពលរដ្ឋក្បែរភូមិស្រុកដាំដំណាំដូងនេះ ដោយសន្យាទិញពីពួកគាត់ ដើម្បីកែច្នៃលក់ចេញទៅវិញ។ ម្ចាស់ចំការរូបនេះ ឲ្យដឹងដែរថា កញ្ញាលក់ដូងក្នុងតម្លៃ ៣ ០០០រៀល ក្នុង ១ផ្លែ សម្រាប់ផ្លែដូងស្រស់ និង ៥ ៥០០រៀល ក្នុង ១ផ្លែ សម្រាប់ដូងកែច្នៃរួច។
សុចិន្តា បានបង្ហើបថា ចំណូលក្នុង ១ខែ អាចដល់ខ្ទង់ម៉ឺនដុល្លារ ព្រោះក្នុង ១ហិកតា អាចរកចំណូលបានរហូតដល់ ៣ ០០០ដុល្លារ។ បញ្ហាប្រឈមធំបំផុត សម្រាប់ការដាំដំណាំដូងនេះ គឺបញ្ហាខ្វះខាតទឹក ហើយមុនពេលដាំ ត្រូវមើលស្ថានភាពដី, តំបន់មានទឹកគ្រប់គ្រាន់ឬអត់ ព្រមទាំងសិក្សាពូជដូង ឲ្យបានច្បាស់លាស់៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកមន្ទីរកសិកម្មខេត្តបាត់ដំបង