រាជរដ្ឋាភិបាល សម្រេចបង្កើតសមាសភាពក្រុមប្រឹក្សារៀបចំនិងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។
សេចក្តីសម្រេចចំនួន៣ទំព័រដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានចាត់តាំងសម្តេចនាយករដ្ឋមន្រ្តីជាប្រធាន។ ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាអនុប្រធាន ព្រមទាំងរដ្ឋមន្រ្តីតាមបណ្តាក្រសួងស្ថាប័នមួយចំនួនទៀតជាសមាជិក។
ក្រៅពីនោះ អភិបាលខេត្តដែលជាប់សមុទ្រទាំង៤រូប ក៏ត្រូវបានចាត់តាំងឲ្យសមាជិកក្នុងក្រុមការងារនេះផងដែរ។
គម្រោងផែនការមេនេះធ្វើឡើងដើម្បីពង្រីកវិសាលភាពផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរ សមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡាដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្របីទៀត រួមមាន ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដើម្បីជួយតម្រង់ទិសការអភិវឌ្ឍបណ្ដាខេត្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងបួន ឱ្យមានភាពប្រទាក់ក្រឡា បំពេញឱ្យគ្នាទៅវិញទៅមក និងប្រកបដោយបរិយាបន្ន។
សេចក្ដីព្រាងរបាយការណ៍នៃផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំំណង និងប្រទាក់ក្រឡាផ្តោតលើទិសដៅ, យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ថ្នាក់ជាតិ, និងមានភាពប្រទាក់ក្រឡា ទៅនឹងផែនការអភិវឌ្ឍ តាមវិស័យ ដោយគិតគូរទាំងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, និន្នាការសកល, ការអភិវឌ្ឍឧស្សាហកម្ម, ទីផ្សារកំលាំងពលកម្ម, គំរូអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ប្រព័ន្ធសេវាសាធារណៈ, ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍និងជីវចម្រុះ, ការរស់នៅនិងសុខមាលភាព, ការរចនាទីក្រុង, ការគ្រប់គ្រងការប្រើប្រាស់ដី, ការគ្រប់គ្រងខ្សែក្រវាត់បៃតង, និងក្របខ័ណ្ឌស្ថាប័នដើម្បីអនុវត្ត។
រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការអភិវឌ្ឍវិស័យទាំងអស់នេះ នឹងក្លាយជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំនាពេលអនាគត ស្របតាមចក្ខុវិស័យកម្ពុជាដើម្បីឈានទៅសម្រេចបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕
អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម