៤ខែឆ្នាំនេះវៀតណាម ទទួលបានសហគ្រាសថ្មីប្រមាណ ៥ម៉ឺនកន្លែងដែលមានដើមទុន ២០ពាន់លានដុល្លារ

យោងតាមការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាមបានឱ្យដឹងថា សហគ្រាសថ្មីប្រមាណ ៥១,៦០០ ត្រូវបានបង្កើតឡើងជាមួយនឹងដើមទុនចុះបញ្ជីសរុបជិត ៥០៨ពាន់ពាន់លានដុង ស្មើនឹង ២០ពាន់លានដុល្លារនៅក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៤។

សារព័ត៌មាន VNExpress បានចុះផ្សាយថា អាជីវកម្មថ្មីទាំងនេះផ្តល់ឪកាសការងារសរុបចំនួន ៣៥៣,៨០០កន្លែង ដែលចំនួននេះវៀតណាមបានកត់សម្គាល់ឃើញថាកើនឡើង ៦.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ 

ការិយាល័យស្ថិតិទូទៅ (GSO) បានបង្ហាញថា ដើមទុនចុះបញ្ជីជាមធ្យមរបស់សហគ្រាសថ្មីក្នុងរយៈពេល ៤ខែដំបូងនេះបានកើនឡើង ៥.៧% ពីមួយឆ្នាំទៅមួយឆ្នាំដល់ ៩.៩ពាន់លានដុង។

ដោយឡែកក្នុងខែមេសាវិញ វៀតណាមមានសហគ្រាសទើបបង្កើតថ្មីជាង ១៥.៣០០សហគ្រាសដែលមានទុនចុះបញ្ជី ១៧៥.៨ ពាន់ពាន់លានដុង កើនឡើង ៨.៤% ក្នុងចំនួនអាជីវកម្ម និង ៥៥% ជាទុនចុះបញ្ជីប្រចាំខែ។

លើសពីនេះ អាជីវកម្មចំនួន ៨,៣០៧ បានចាប់ផ្តើមដំណើរការវិញក្នុងខែមេសា ហើយក្នុងរយៈពេល៤ខែដំបូងនេះក៏មានសហគ្រាសដែលផ្អាកប្រតិបត្តិការបណ្តោះអាសន្នមានចំនួន ៦០,៩០០ ផងដែរ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ VNexpress