ពូទីន កត់ត្រាឈ្មោះប្រធានាធិបតីអ៊ុយក្រែន ចូលក្នុងបញ្ជីឧក្រិដ្ឋជនត្រូវតាមចាប់ខ្លួន

 ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ទីក្រុងមូស្គូបានកត់ត្រាឈ្មោះលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ចូលក្នុងបញ្ជីស្តីពីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន ប៉ុន្តែទីក្រុងកៀវបានមើលឃើញថា សកម្មភាពរបស់រុស្សុីនៅពេលនេះជាសញ្ញានៃភាពអស់សង្ឃឹមរបស់ទីក្រុងមូស្គូ។

សេចក្តីរាយការណ៍នៅថ្ងៃអាទិត្យ ទី៥ ខែឧសភា ឲ្យដឹងថា ឈ្មោះរបស់ប្រធានាធិបតីអ៊ុយក្រែនបានបែកធ្លាយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នៅក្នុងបញ្ជីឧក្រិដ្ឋជនត្រូវចាប់ខ្លួនរបស់ក្រសួងមហាផ្ទៃរុស្ស៉ី។ បើតាមខ្លឹមសារក្នុងបញ្ជីនោះ ប្រធានាធិបតីអ៊ុយក្រែន ស្ថិតក្នុងចំណោមក្រុមឧក្រិដ្ឋជន ដែលអាជ្ញាធររុស្ស៉ីត្រូវចាប់ខ្លួន ដោយយោងតាមមាត្រាមួយនៃក្រមព្រហ្មទណ្ឌរុស្ស៉ី ប៉ុន្តែពុំមានការបញ្ជាក់លម្អិតជាងនេះទៀតឡើយ។

ដោយឡែក ក្រសួងការបរទេសអ៊ុយក្រែនឯណេះវិញ ក៏បានចេញមុខនិយាយតបទៅកាន់ទីក្រុងមូស្គូថា សកម្មភាពនេះ បានស្តែងឱ្យឃើញពីភាពអស់សង្ឃឹមរបស់រុស្ស៉ី។

លោក ហ្សេលេនស្គី បានអះអាងថា កាលពីឆ្នាំ២០២៣ គឺលោកដឹងថាការប៉ុនប៉ងធ្វើឃាតយ៉ាងហោច៥-៦ដង លើរូបលោក ប៉ុន្តែត្រូវបានទប់ស្កាត់។ នៅថ្ងៃក្រោយពេលបញ្ជូនកងទ័ពចូលវាយលុកអ៊ុយក្រែន អំឡុងការថ្លែងសារទៅកាន់ប្រជាជាតិ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ក៏បានទទូចឱ្យកងទ័ពអ៊ុយក្រែន ផ្តួលរំលំលោក ហ្សេលេនស្គី ថែមទៀតផង។

គួរសម្រាបថា លោក Oleksandr Pavliuk មេបញ្ជាការកងកម្លាំងជើងគោករបស់អ៊ុយក្រែន និងលោក Petro Poroshenko អតីតប្រធានាធិបតីអ៊ុយក្រែន ក៏មានឈ្មោះក្នុងបញ្ជីឧក្រិដ្ឋជនត្រូវចាប់ខ្លួនរបស់រុស្ស៉ី កាលពីថ្ងៃសៅរ៍ផងដែរ។ គួររម្លឹកបន្តិចថា កាលពីឆ្នាំ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្សុី លោក វ្លាឌីមៀរ ពូទីន ក្រោមបទចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម ពាក់ព័ន្ធការចាប់ពង្រាត់​ក្មេងៗអ៊ុយក្រែនយកទៅប្រទេសរុស្ស៉ី ជាការចោទប្រកាន់ដែលទីក្រុងមូស្គូបដិសេធ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters