ក្រសួងយុត្តិធម៌៖ ការវាយតម្លៃអចលនវត្ថុលក់ដោយបង្ខំតាមផ្លូវតុលាការ ត្រូវធ្វើឡើងដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ

ការវាយតម្លៃអចលនវត្ថុដែលត្រូវលក់ដោយបង្ខំ ត្រូវធ្វើឡើងដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដែលទទួលស្គាល់ដោយក្រសួងយុត្តិធម៌ ដើម្បីធានាតម្លាភាព និងជំនឿទុកចិត្តក្នុងការកំណត់តម្លៃនៃអចលនវត្ថុ ដែលត្រូវលក់ដោយបង្ខំតាមផ្លូវតុលាការ។​ បើយោងតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្តនៅថ្ងៃទី២ ខែឧសភានេះ។

សេចក្ដីសម្រេចនេះ បានឲ្យដឹងថា ការលើកកម្ពស់ប្រសិទ្ធភាព និងជំនឿទុកចិត្តលើការលក់ដោយបង្ខំនូវអចលនវត្ថុ អង្គមហាសន្និបាត បានពិនិត្យឃើញកញ្ចប់បញ្ហាចំនួន ៣ រួមមាន៖ ១. ការកំណត់តម្លៃលក់អប្បបរមានៃអចលនវត្ថុមិនមានភាពច្បាស់លាស់ ដោយមិនទាន់បានកំណត់ច្បាស់លាស់នូវស្ថាប័ន ឬយន្តការធ្វើការវាយតម្លៃអចលនវត្ថុ ដែលជាកម្មវត្ថុនៃការលក់ដោយបង្ខំ, ២. ការផ្សព្វផ្សាយជាសាធារណៈអំពីការលក់ឡាយឡុង មិនបានទូលំទូលាយ និង៣. ការអូសបន្លាយពេលវេលា នៃការអនុវត្តការលក់ដោយបង្ខំដោយតុលាការ ដោយសារភាពស្មុគស្មាញនៃនីតិវិធីជាធរមាន។

ចំពោះកញ្ចប់បញ្ហាទាំងនេះ អង្គមហាសន្និបាតវិស័យយុត្តិធម៌ បានឯកភាពគ្នាសម្រេចថា ៖ ១. ការផ្សព្វផ្សាយជាសាធារណៈអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ត្រូវធ្វើឡើងឲ្យបានទូលំទូលាយ។ ក្នុងការអនុវត្តការងារនេះ, ក្រសួងយុត្តិធម៌ នឹងបង្កើតឲ្យមានបណ្តាញទំនាក់ទំនងសង្គមផ្លូវការ ជាអាទិ៍ Facebook ឬ Telegram ដើម្បីផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការលក់ដោយបង្ខំតាមផ្លូវតុលាការ។ ទន្ទឹមនេះ សាលាជម្រះក្តីនីមួយៗអាចបង្កើតព្រឹត្តិបត្រព័ត៌មាន ដើម្បីផ្សព្វផ្សាយនៅតាមបណ្តាញសង្គមផ្លូវការរបស់ខ្លួន ផងដែរ។

២. ដើម្បីធានាតម្លាភាព និងជំនឿទុកចិត្តក្នុងការកំណត់តម្លៃនៃអចលនវត្ថុ ដែលត្រូវលក់ដោយបង្ខំតាមផ្លូវតុលាការ​ការវាយតម្លៃអចលនវត្ថុដែលត្រូវលក់ដោយបង្ខំ ត្រូវធ្វើឡើងដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដែលទទួលស្គាល់ដោយក្រសួងយុត្តិធម៌។ ក្នុងការអនុវត្តការងារនេះ ក្រសួងយុត្តិធម៌ នឹងពិចារណាចុះកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ។ ដើម្បីធានាប្រសិទ្ធភាព និងសង្គតិភាពនៃការអនុវត្ត ក្រសួងយុត្តិធម៌ និងតុលាការកំពូល នឹងដាក់ចេញនូវសេចក្តីណែនាំរួម ពាក់ព័ន្ធនឹងការងារនេះ។

៣. នីតិវិធីនៃការលក់ដោយបង្ខំចំពោះអចលនវត្ថុ នឹងត្រូវបានពិនិត្យកែសម្រួលឡើងវិញ ឲ្យមានលក្ខណៈសាមញ្ញ និងងាយស្រួលក្នុងការអនុវត្ត នៅក្នុងក្របខ័ណ្ឌនៃការធ្វើវិសោធនកម្មក្រមនីតិវិធីរដ្ឋប្បវេណី ដើម្បីធានាភាពឆាប់រហ័ស និងប្រសិទ្ធភាពនៃការអនុវត្តការលក់ដោយបង្ខំនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្តាញសង្គម