អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្តែងការព្រួយបារម្ភអំពីការធ្លាក់ចំណូលការនាំចូលរថយន្តពីក្រៅ ស្របពេលក្រុមហ៊ុនរថយន្តល្បីៗលើពិភពលោកបន្តមកបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នាព្រឹកថ្ងៃសុក្រ ទី២ ខែឧសភានេះ បានលើកឡើងថា ការធ្លាក់ចំណូលពន្ធពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ ព្រោះតាមរយៈការវិនិយោគក្នុងស្រុកបានផ្តល់ឱកាសការងារ និងជំនាញ ធ្លាក់ចំណូលគយ តែបានចំណូលទៅអគ្គនាយកពន្ធដារ។ ការថ្លែងបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីលោក គុណ ញឹម បង្ហើបប្រាប់សម្តេចរឿងព្រួយបារម្ភពីការធ្លាក់ចំណូលនៃការនាំចូលរថយន្ត ដែលធ្វើឲ្យបាត់ចំណូលគយ។
សម្តេចមានប្រសាសន៍ថា៖ «ថ្មីៗនេះសម្តេចបានសួរលោក គុណ ញឹម អំពីចំណូលគយ តែលោកឆ្លើយថាចំណូលមួយផ្នែកធ្លាក់ដោយសារការនាំចូលរថយន្ត ព្រោះរថយន្តមួយចំនួនត្រូវមកបើករោងចក្រនៅក្នុងស្រុក អត់មានពន្ធនាំចូល ប៉ុន្តែសម្តេចបានប្រាប់ទៅវិញថា មិនអីនោះទេធ្លាក់ពន្ធគយពីរថយន្តចូលបន្តិចចុះ ប៉ុន្តែលុយចេញពីខោប៉ាវឆ្វេងចូលខោប៉ាវស្តាំង»។
សម្តេចបញ្ជាក់ថា នៅពេលដែលក្រុមហ៊ុនមកបង្កើតរោងចក្រនៅក្នុងស្រុក ទី១ រីកចម្រើនបង្កើតការងារចំណូលចូលទៅខាងពន្ធដារ ដែលសម្តេចហៅថា ចូលខោប៉ាវស្តាំង។ នៅពេលដែលក្រុមហ៊ុនទាំងនោះមកគឺបណ្តុះបណ្តាលធនធានមនុស្ស ហើយប្រាក់វិវត្តន៍បានទៅប្រជាពលរដ្ឋ ប្រជាពលរដ្ឋបង្កើតជីវភាពរស់នៅទៅទិញអ្វីបន្តចំណូលគឺចូលមកសេដ្ឋកិច្ចកម្ពុជា។
សម្តេចបានថ្លែងថា ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ មិនមែនគិតតែរឿងរកចំណូលឱ្យប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ គយ និងរដ្ឋាករប្រមូលបានប្រមាណ ២ ២៨៨.២៧ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៥.៧% ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។ លទ្ធផលនេះសម្រេចបាន ៨២.៤% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
គយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការប្រមូលចំណូលពុំបានសម្រេចតាមផែនការដូចនេះ បណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេស ការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្ត ដែលកន្លងមកជាប្រភពចំណូលសំខាន់, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធ ដែលកាន់តែស្មុគស្មាញ និងជ្រកក្រោមរូបភាពថ្មីៗជាដើម៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមការងារព័ត៌មានសម្តេចធិបតី