វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥%ក្នុងឆ្នាំនេះ

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ របស់កម្ពុជា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ សម្រេចបានតម្លៃទឹកប្រាក់ប្រមាណ ១១,០៩ពាន់លានដុល្លារ ធ្លាក់ចុះ ១៣,៣៥% បើធៀបកាលពីឆ្នាំ ២០២២។ ការធ្លាក់ចុះនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរនេះដោយសារការកើនឡើងអតិផរណា បានកាត់បន្ថយការចំណាយនៅក្នុងប្រទេសជាច្រើន រួមទាំងទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ទោះជាយ៉ាងណា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥%ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈពេលដែលវិស័យសំណង់នៅបន្តមានកំណើនទាប។

នៅក្នុងសៀវភៅសង្ខេបថវិកាជាតិ ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច លើកឡើងថា អនុវិស័យកាត់ដេរ រំពឹងថានឹងមាននិន្នាការងើបឡើងវិញដោយសារការងើបឡើងវិញនៃតម្រូវការសកល ជាពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។

ជាមួយគ្នានេះ ការដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ, ផលិតផលស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ក៏ត្រូវបានរំពឹងថានឹងជួយជំរុញបរិយាកាសវិនិយោគ និងការប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះផងដែរ។ យ៉ាងណាមិញ ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកលដែលនាំឲ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមាន៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាចនឹងបន្តជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានភាពល្អដែលមួយផ្នែកនឹងបន្តជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឲ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀតគាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឲ្យការនាំចេញ។ និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះ លើផ្នែកផលិតកម្មបម្រើឲ្យការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗមួយចំនួនរួមមាន៖ បន្ទះសូឡា, សំបកកង់, និងស្បែកសត្វមានរោមជាដើម។

ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានគូសបញ្ជាក់ផងដែរពីការដាក់នូវច្បាប់វិនិយោគកម្ពុជានឹងអាចរួមចំណែកបង្កើតបរិយាកាសវិនិយោគឲ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។

សូមជម្រាបថា​ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ រោងចក្រ សហគ្រាស បានកើនដល់ ៤០,៨៤០ និងមានកម្មករនិយោជិតសរុប ១,៧ លាននាក់ ក្នុងនោះ វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១,៦៨០ រោងចក្រ និងមានកម្មករនិយោជិតសរុបចំនួន ៩១៨,៧១៨នាក់។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ៕

អត្ថបទ៖ សេដ្ឋានី