FTB ចាយលុយ ១១២លានដុល្លារសាងសង់អគារផ្ទាល់ខ្លួនដែលមានចំណតចុះឧទ្ធម្ភាគចក្រ

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ហៅកាត់ FTB បានសាងសង់អគារទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននៅលើវិថីសហព័ន្ធរុស្ស៊ីក្បែរទីស្តីការគណ:រដ្ឋមន្ត្រី បណ្តុំឧស្សាហកម្មចម្រុះ។

អគារទីស្នាក់ការថ្មីនេះមានឈ្មោះថា «FTB Tower» ក្នុងទំហំទុនវិនិយោគប្រមាណ ១១២លានដុល្លារសហរដ្ឋអាម៉េរិក ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment)។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

តាមដានជាមួយយើង៖ Million Times

តំណាងធនាគារ FTB បានឲ្យដឹងថា គម្រោងសាងសង់នេះ នឹងធ្វើឡើងជាមួយផ្ទៃអគារសរុប ៧៧ ៥៩៣ ម៉ែត្រការ៉េ ហើយអគារមានកម្ពស់សរុបចំនួន ២៨ជាន់ និងមានជាន់ក្រោមដីចំនួន ៤ជាន់ សម្រាប់ធ្វើជាចំណតព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចត។

ជាមួយនឹងការវិនិយោគសរុបចំនួន១១២ លានដុល្លារអគារ FTB Tower គឺជាអគារការិយាល័យកម្រិត A ដែលជាប្រភេទអគារលំដាប់ខ្ពស់ និងនៅមានចំនួនតិចតួចនៅឡើយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ អគារការិយាល័យនេះគូសប្លង់ និងរចនារូបរាងឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Aedas និងសាងសង់ឡើងដោយក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd (CCM) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China State Construction Engineering។

គម្រោងសំណង់អគារ FTB Tower គ្រោងនឹងប្រើរយៈពេលជិតបីឆ្នាំដើម្បីបញ្ចប់ការសាងសង់ ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលសំខាន់ក្នុងការបង្កើត និងការពង្រីកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ធនាគារផងដែរ។

គួររំលឹកថា ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្នុងអតីតរបបរដ្ឋកម្ពុជា មកដល់ឆ្នាំ២០២៤នេះមានអាយុ ៤៥ឆ្នាំ។ FTB ជាធនាគារពាណិជ្ជចំណុះរដ្ឋ ក្នុងនោះរដ្ឋមានភាគទុនិក ១០% និងឯកជន ៩០% ដែលបច្ចុប្បន្នមានលោក ហ្គី អានវ៉ានិថ ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក ឌិត សុចល ជាប្រធាននាយកប្រតិបត្តិ (CEO)៕

អត្ថបទ៖ ផល កុសល