លោក គិត ម៉េង តែងតាំងកូនប្រុសជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

លោក គិត ម៉េង ដែលជាមហាសេដ្ឋីកំពូលនៅប្រទេសកម្ពុជា បានសម្រេចតែងតាំងកូនប្រុសបង្កើតរបស់លោក គឺលោក គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

ក្រោយការតែងតាំងកូនប្រុសដែលមានវ័យក្មេងមានគោរមងារឧកញ៉ា លោក គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយាល់ គ្រុប បាននិយាយថា «ជាងបីទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឲ្យក្លាយជាក្រុមហ៊ុន ពហុផលិតផលឈានមុខគេ ដែលមានម៉ាកយីហោត្រូវបានទទួលស្គាល់បំផុតនៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួមជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប»។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក គិត ស៊ូឡា ដែលពេលនេះមានវ័យ១៩ឆ្នាំ បានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។ ដោយទទួលបានការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបច្ចុប្បន្នកំពុងសិក្សានៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញមួយក្នុងប្រទេសសិង្ហបុរី លោក ស៊ូឡា ត្រៀមខ្លួនរួចជាស្រេច ក្នុងការខិតខំឲ្យអស់ពីសមត្ថភាព។ ក្នុងតួនាទីថ្មីរបស់លោកជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ លោកនឹងកាន់តំណែងសំខាន់នេះ ក្នុងការបង្កើតឲ្យកាន់តែមានភាពចម្រុះ និងធ្វើឲ្យចំណូលក្រុមហ៊ុនប្រសើរឡើង នៅក្នុងពិភពឌីជីថល។

ជម្រាបបន្ថែមថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស។ ក្រុមហ៊ុននេះមានបុត្រសម្ព័ន្ធអាជីវកម្មជាច្រើន រួមមាន៖ ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕