អ្នកឧកញ៉ា លី ហួរ៖ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យ មានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងឈានទៅដល់ក្ស័យធនតែម្ដង

អ្នកឧកញ៉ា លី ហួរ៖ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យ មានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងឈានទៅដល់ក្ស័យធនតែម្ដង

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានលើកពីផលប៉ះពាល់ ក៏ដូចជាបញ្ហាប្រឈម និងឧបសគ្គមួយចំនួនដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកល កត្តារីករាលដាលជំងឺឆ្លងកូវីដ១៩ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងថ្មីៗមានសង្គ្រាមរវាងក្រុមហាម៉ាស-ប៉ាឡេស្ទីន ព្រមទាំងមានការបែងចែកប្លុកសេដ្ឋកិច្ចតំបន់ផងនោះធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យទាំងមូលស្ទើរតែធ្លាក់ដល់សូន្យ។

ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០២៤កន្លងទៅ អ្នកឧកញ៉ា លី ហួរ បានថ្លែងថា កត្តាទាំងនេះបានជះឥទ្ធិផលដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ ធ្វើឲ្យវិស័យនេះទាំងមូលស្ទើរតែធ្លាក់ដល់សូន្យ។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា បច្ចុប្បន្នគម្រោងបុរី ខុនដូ ការលក់មានការធ្លាក់ចុះជាគំហុក ឬលក់ពុំចេញតែម្ដង អតិថិជនពន្យាពេលបង់ប្រាក់ រហូតដល់អតិថិជនមួយចំនួនមិនមានលទ្ធភាព មិនបានបង់ប្រាក់ត្រឡប់មកក្រុមហ៊ុនវិញ ព្រមទាំងទាមទារឲ្យក្រុមហ៊ុនទិញផ្ទះត្រឡប់មកវិញ ធនាគារពាណិជ្ជក៏បានតម្លើងអត្រាការប្រាក់ និងរឹតបន្តឹងការផ្ដល់ឥណទានលំនៅឋានជូនអតិថិជន ផ្អាកផ្តល់ឥណទានលើការវិនិយោគលើវិស័យសំណង់ ក្រសួងស្ថានប័នរដ្ឋ ដែលពាក់ព័ន្ធមានការយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម រឹតបន្តឹងលើការអនុវត្តផ្លូវច្បាប់ និងមានការផាកពិន័យជាប្រាក់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ធ្វើឲ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ក្រុមហ៊ុនមួយចំនួនផ្អាកការសាងសង់ បិទគម្រោងទាំងមូល និងឈានទៅដល់ក្ស័យធនតែម្ដង។

នៅរាល់បញ្ហាចំពោះមុខនេះ អ្នកឧកញ៉ា លី ហួរ បានស្នើសុំទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលជាស្ថាប័នអាណាព្យាលបាលផ្ទាល់ ជួយសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈម និងវិបត្តិវិស័យអចលនទ្រព្យកំពុងជួបប្រទះនេះ។

ជាការឆ្លើយតបឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ នៅចំពោះមុខម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនរយនាក់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានថ្លែងថា «កង្វល់របស់សមាគម ក៏ជាកង្វល់របស់ក្រសួង ដូច្នេះយើងយកឱកាសនេះ ដើម្បីស្វែងរកយុទ្ធសាស្ដ្ររួម សម្រាប់ដើរទៅមុខទាំងអស់គ្នា ដោយពួតដៃគ្នាឈរលើវិថីមួយដ៏ត្រឹមត្រូវ ដើម្បីកុំឱ្យមានការលំបាកទៅថ្ងៃខាងមុខទៀត ពិសេសការខាតបង់ទាំងពេលវេលា និងថវិកា»៕

អត្ថបទ៖ ផល កុសល